កាលបរិច្ឆេទ: ០៦ ធ្នូ ២០២១ / កសិកម្ម
ក្រុមហ៊ុនខនហ្វីរេលឆ្លងកាត់វគ្គប្រកួតថ្នាក់តំបន់ និងឈានទៅដល់វគ្គប្រកួតថ្នាក់ជាតិដែលជាវគ្គផ្តាច់ព្រ័ត្រ សម្រាប់ពានរង្វាន់សហគ្រិនថ្នាក់ជាតិ។ ការប្រកួតនេះត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ និងសហគ្រិនខ្មែរ ដែលគាំទ្រដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
សម្រាប់ពានរង្វាន់នេះ មានការចូលរួមពីសហគ្រាសមកពីវិស័យចំនួនបួនដូចជា ផ្នែកកសិកម្ម ផ្នែកផលិតបែបឧស្សាហកម្ម និងសិប្បកម្ម ផ្នែកបច្ចេកវិទ្យា និងព័ត៌មានវិទ្យា និងផ្នែកសេវាកម្ម បដិសណ្ឋាកិច្ច និងទេសចរណ៍។
វគ្គជម្រុះត្រូវបានធ្វើឡើងនៅតាមតំបន់ចំនួនប្រាំ ហើយវគ្គផ្តាច់ព្រ័ត្រនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែធ្នូ ខាងមុខនេះ។ ក្រុមហ៊ុនខនហ្វីរេលទទួលបានចំណាត់ថ្នាក់លេខបី ក្នុងចំណោមក្រុមហ៊ុនសហគ្រាសទាំង២០នៅតំបន់ទីបួន (ភ្នំពេញ កណ្តាល កំពង់ស្ពឺ និងកំពង់ឆ្នាំង) នៅវគ្គជម្រុះ និងត្រូវត្រៀមខ្លួនទៅវគ្គផ្តាច់ព្រ័ត្រ ប្រកួតប្រជែងជាមួយបេក្ខជនផ្សេងៗទៀតដែលជាប់វគ្គជម្រុះដូចគ្នានៅតាមតំបន់បួនទៀត។
ក្រុមហ៊ុនរបស់យើងតំណាងដោយលោកហ៊ឹម ពិសិដ្ឋ នាយកផ្នែកធនធានមនុស្សនៅក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេល។ មានវត្តមាននៅក្បែរលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ដែលជាស្ថាបនិកក្រុមហ៊ុនសហគ្រាស លោកហ៊ឹម ពិសិដ្ឋ ប៉ិនប្រសប់ក្នុងការពន្យល់គណៈមេប្រយោគថា ក្រុមហ៊ុនខនហ្វីរេលបានចូលរួមអភិវឌ្ឍសង្គម និងលើកកម្ពស់ផលិតផលក្នុងស្រុក ហើយចំណុចទាំងពីរនេះគឺមាននៅក្នុងលក្ខខណ្ឌសំខាន់ៗដែលគណៈមេប្រយោគបានកំណត់សម្រាប់ជ្រើសរើសយកបេក្ខជនដែលឈ្នះ។
ក្រៅពីផ្តល់តម្លៃដល់សហគ្រិនជោគជ័យដែលមានទេពកោសល្យ និងថាមពលហើយ ពានរង្វាន់នេះក៏មានបំណងបំផុសស្មារតីសាធារណជនឲ្យជ្រួតជ្រាបពីតួនាទីយ៉ាងសំខាន់របស់ក្រុមហ៊ុនសហគ្រាសធុនតូច និងមធ្យមសម្រាប់សេដ្ឋកិច្ចជាតិ និងមានបំណងពង្រឹង និងពង្រីកភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ក្នុងស្មារតីទំនួលខុសត្រូវសង្គមខ្ពស់ និងចូលរួមលើកទឹកចិត្តគម្រោងដែលផ្តល់តម្លៃដល់ផលិតផលក្នុងស្រុកផងដែរ។
អ្នកដែលទទួលបានជ័យលាភីនឹងទទួលបានទឹកប្រាក់ចំនួនមួយម៉ឺនដុល្លារ ហើយអ្នកឈ្នះនឹងត្រូវចូលរួមធ្វើជាមេប្រយោគសម្រាប់ការប្រកួតពានរង្វាន់លើកក្រោយ និងធ្វើជាតំណាងវិទ្យាស្ថានជាតិសហគ្រិនភាព និងនរានុវត្តន៍សម្រាប់ការប្រកួតថ្នាក់តំបន់៕